ប្រវត្តរបស់យើង

ចាប់តាំងពីឆ្នាំ២០០៣ មកដោយការមើលឃើញពីមួយថ្ងៃទៅមួយថ្ងៃ កំណើនប្រជាជនដែលមានបញ្ហាផ្លូវចិត្តកើនឡើង ព្រមទាំងមានកង្វះខាតសេវាព្យាបាលផ្លូវចិត្ត មិនថាតែបណ្តាខេត្តនានា សូម្បីតែក្នុងរាជធានីភ្នំពេញក៏ពំុទាន់មានមជ្ឈមណ្ឌល ឬគ្លីនិកផ្លូវចិត្តគ្រប់គ្រាន់ដើម្បីបំរើជូនដល់អតិថិជននៅឡើយ។ ដើម្បីបំពេញបង្គ្រប់ និងចូលរួមលើកកម្ពស់សុខមាលភាពផ្លូវចិត្តជូនប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល គំនិតផ្តួចផ្តើមមួយក្នុងការបង្កើតគ្លីនិកផ្លូវចិត្ត ហើយមានឈ្មោះថា  មន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ  ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា គ្រូពេទ្យឯកទេសវិកលវិទ្យា បើកបំរើសេវាកម្មជូនអតិថិជនដែលមានបញ្ហាផ្លូវចិត្ត ឬជម្ងឺផ្លូវចិត្ត។

 

ស្របពេលជាមួយគ្នានេះដែរក្រុមអ្នកជំនាញមួយក្រុមត្រូវបានបង្កើតឡើងដោយរួមបញ្ចូលទាំងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាបរទេស-ខ្មែរ អ្នកជំនាញចិត្តវិទ្យា គិលានុបដ្ឋាកឯកទេសវិកលវិទ្យា បុគ្គលិកសង្គម និងអ្នកជំនាញផ្សេងទៀត ។ ពួកគេទាំងអស់មានការសហការណ៌គ្នាយ៉ាងល្អ ក្នុងការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ជូនដល់អតិថិជន គ្រប់អាយុ គ្រប់ភេទ និងមិនប្រកាន់ឋានៈ។ ដើម្បីសំរេចគោលបំណងតែមួយគត់រួមគ្នាលើកកម្ពស់សុខភាពផ្លូវចិត្ត។ ក្រុមគ្រូពេទ្យរបស់យើងរួមមានជំនាញឯកទេសវិកលវិទ្យា និងបទពិសោធន៍យូរឆ្នាំ ក្នុងការពិគ្រោះ ព្យាបាល វាយតំលៃស្ថានភាពសុខភាពផ្លូវចិត្ត ការផ្តល់ប្រឹក្សា ការព្យាបាលតាមបែបចិត្តសាស្រ្ត ការធ្វើអន្តរាគមន៍លើករណីនីមួយៗ ជាក្រុម និងការអប់រំទៅដល់ក្រុមគ្រួសារ។

 

ក្រោយពីបានការអនុញ្ញាត្ត និងទទួលស្គាល់ពីក្រសួងសុខាភិបាលរួចមក គ្លីនិកសាន់រ៉ាយបានចាប់ផ្តើមបើកអោយដំណេីរការតាំងតែពីពេលនោះមក គឺនៅឆ្នាំ២០០៣។ អតិថិជនភាគច្រើនដែលបានមកទទួលការព្យាបាលនៅមន្ទីរពេទ្យរបស់យើង មកពីគ្រប់តំបន់ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់សោម ខេត្តតាកែវ ព្រៃវែង ស្វាយរៀង និងមានបណ្តាខេត្តឆ្ងាយៗផ្សេងទៀតទូទាំងប្រទេស ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរីជាដើម។ ក្រៅពីអតិថិជនដែលជាជនជាតិខ្មែរ មន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ ក៍បានទទួលព្យាបាល នូវអតិថិជនជាជនបរទេសដែលលោកអញ្ជើញមកទទួលសេវាពិនិត្យ និងពិគ្រោះព្យាបាល។ គ្លីនិកក៏បានធ្វើសហប្រតិបត្តិការជាមួយដៃគូរអង្គការ នានា ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត ព្រមទាំងស្ថានទូតមួយចំនួនផងដែរ ដូចជា ស្ថានទូតអាមេរិកជា-ដើម។ អតិថិជនខ្លះដែលមានបញ្ហា ឬជម្ងឺផ្លូវចិត្តក្នុងកំរិតស្រាល ឬមធ្យមមកទទួលសេវាពិគ្រោះព្យាបាលពីគ្លីនិករួចត្រឡប់ទៅគេហដ្ឋានវិញក្នុងថ្ងៃតែមួយដើម្បីទទួលការថែរទាំបន្តដោយក្រុមគ្រួសារ។ រីឯអតិថិជនខ្លះទៀតមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ មានអាកប្បកិរិយាមិនអាចគ្រប់គ្រងបាន ឃោឃៅ បង្កគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារ និងអ្នកផ្សេងទៀត ដែលក្នុងករណីនេះពួកគេត្រូវតែសម្រាកព្យាបាលនៅគ្លីនិកមួយរយៈ ក្រោមការតាមដាន នឹងការថែទាំពីក្រុមអ្នកជំនាញរបស់យើង បន្ទាប់មកពួកគាត់តំរូវអោយបន្តការព្យាបាល និងការមើលថែដោយក្រុមគ្រួសារនៅឯគេហដ្ឋាន។ ក្រៅអំពីការព្យាបាលដោយឱសថ គ្លីនិកក៏ផ្តល់ការព្យាបាលតាមផ្នែកចិត្តសាស្រ្តជាលក្ខណៈបុគ្គល ដូចជាការផ្លាស់ប្តូរនៃការគិត កែប្រែអាកប្បកិរិយា ការស្តារសតិបញ្ញា-ស្មារតី-កាយសម្បទា និងការស្តារលទ្ធភាពពលកម្ម ការផ្តល់ប្រឹក្សា និងផ្តល់ សេវាអប់រំផ្លូវចិត្តដល់ក្រុមគ្រួសារដែលមើលថែទាំដល់អ្នកជម្ងឺ។

 

ដោយមិនយកកំរៃ គ្លីនិកបានផ្តល់ការអប់រំដល់ក្រុមគ្រួសារជារៀងរាល់សប្តាហ៏ គឺនៅថ្ងៃអង្គារផ្តល់ជូនក្រុមគ្រួសារដែលមានសាច់ញាតិមាន ជម្ងឺថប់អារម្មណ៍ នៅថ្ងៃព្រហស្បតិ៏ផ្តល់ជូនក្រុមគ្រួសារដែលមានសាច់ញាតិមានជម្ងឺធ្លាក់ទឹកចិត្ត និងនៅថ្ងៃសៅរ៍ផ្តល់ជូនក្រុមគ្រួសារដែលមានសាច់ញាតិមានជម្ងឺចិត្តវិកល។ ការទទួលខុសត្រូវលើសមាជិកគ្រួសារណាម្នាក់ដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ គឺជាសភាពតានតឹងចិត្តមួយដ៏ធំធេងណាស់សំរាប់ឪពុកម្តាយ ឬសមាជិកគ្រួសារដ៏ទៃឯទៀត។ ពួកគេនឹងបានធូស្បើយពីភាពតានតឹងនេះប្រសិនបើជាពួកគេយល់ដឹងពីបញ្ហារបស់អ្នកជម្ងឺ និងយល់ដឹងពីរបៀបថែទាំសមស្របមួយដល់អ្នកជាទីស្រឡាញ់របស់ពួកគាត់។

 

សព្វថ្ងៃនេះគ្លីនិកបានផ្តល់ការវាយតម្លៃផ្នែកផ្លូវចិត្ត ដូចជាការធ្វើតេស្តបញ្ញា តេស្តសមត្ថភាពការងារ តេស្តឥរិយាបថ ការវាយតម្លៃ និងកុមារមតេយ្យ តេស្តបុគ្គលិកលក្ខណៈដល់កុមារមុននឹងចូលរៀន ឬមុននឹងទទួលយកដោយឪពុកម្តាយចិញ្ចឹម ដល់បុគ្គលិក កម្មករ មុននឹងទទួលបានការងារធ្វើទាំងនៅក្នុងស្រុក និងបរទេស ឬជនជាតិខ្មែរសុំសិទ្ធិរស់នៅបរទេស។

លេខទំនាក់ទំនង

តាមដាន់ចំនិះដឹង និងពត៏មានពីបញ្ហាផ្លូវចិត្តតាមរយះបណ្តាញសង្គប់របស់ពួកយើង

Scroll to Top